ប្រវត្តិវិទ្យាល័យមង្គលបូរី
វិទ្យាល័យមង្គលបូរី មានទីតាំងស្ថិតនៅជាប់ដងផ្លូវជាតិលេខ ៥ ស្ថិតនៅក្នុងភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ វិទ្យាល័យមង្គលបូរី ស្ថិតនៅចម្ងាយប្រហែល ៥០០ ម៉ែត្រ ខាងត្បូង ផ្លូវបំបែកមួយក្នុងស្រុកមង្គលបូរី ដែលមានរូបសំណាកយាយជីច្រូតស្រូវជាសម្គាល់។ កាលពីដើមឡើយ វិទ្យាល័យនេះមានឈ្មោះថាអនុវិទ្យាល័យព្រះបាទភវវរ្ម័ន ដែលមានព្រំប្រទល់ ខាងជើងទល់និងដីប្រជាជន ខាងត្បូងទល់នឹងផ្លូវលំទៅភូមិព្រះស្រែ ខាងកើតទល់នឹងដីប្រជាជន និង ខាងលិចជាប់នឹងផ្លូវជាតិលេខ ៥ ។ មានបណ្ដោយខាងជើង ប្រវែង ៤៥៣ ម៉ែត្រ បណ្ដោយខាងត្បូង ប្រវែង ៤៤៣ ម៉ែត្រ និង ទទឹងខាងកើត ប្រវែង ១៥០ ម៉ែត្រ ។
អំពីកំណើតសាលា៖ គ្រឹះស្ថានសិក្សានេះ បានបើកជាផ្លូវការនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៦២ ដែលមានទីតាំងបណ្ដោះអាសន្ននៅកន្លែងអនុវិទ្យាល័យឯកជនមួយ ឈ្មោះ យ៉ុង យ៉ាង មានចម្ងាយប្រហែល ១០០ ម៉ែត្រ ខាងត្បូងទីតាំងវិទ្យាល័យសព្វថ្ងៃ ។
អំពីនាយកសាលា៖
១-លោក តែ ធាវគឹមយ៉េន (ឆ្នាំ១៩៦២-១៩៦៨) នាយកអនុវិទ្យាល័យ ភវវរ្ម័ន
 | កាលនោះមានថ្នាក់រៀនតែ ២ ថ្នាក់ប៉ុណ្ណោះ គឺថ្នាក់ទី ៦ និង ថ្នាក់ទី ៥ បើគិតមកបច្ចុប្បន្ន ស្មើនឹងថ្នាក់ទី៧ រឺថ្នាក់ទី៨ ហើយមានសិស្ស ចំនួន ៨០ នាក់ មាន ទីចាត់ការ ៦ បន្ទប់ ហើយមានបុគ្គលិក ចំនួន ៦ នាក់៖ ១- លោក តែ ធាវគឹមយ៉េន ជានាយក (បច្ចុប្បន្នរស់នៅសហរដ្ឋអាមេរិក) ២- លោក ឡុង ឈឿត ជាអគ្គានុរក្ស (សព្វថ្ងៃចូលនិវត្តន៍) រស់នៅភូមិសាលាដែង ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ៣- កញ្ញា មាន ចាន់បូរ (សព្វថ្ងៃរស់នៅភូមិហ្លួងលើ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ) ។ ៤- កញ្ញា គួច យក់ឃួន (សព្វថ្ងៃចូលនិវត្តន៍) រស់នៅទីក្រុងភ្នំពេញ ។ ៥- លេខា (គ្មានរូបថត) ។ |

លោក ឡុង ឈឿត | 
អ្នកស្រី មាន ចាន់បូរ | 
អ្នកស្រី គួច យក់ឃួន |
ការកសាងអនុវិទ្យាល័យព្រះបាទភវវរ្ម័ន៖ គឺបានបង្កើតសមាគមមាតាបិតាសិស្សក្នុងឆ្នាំ១៩៦០ ដោយមានគោលបំណងទ្រទ្រង់ និង ឧបត្ថម្ភការកសាងគ្រឹះស្ថានសិក្សានេះ ឱ្យមានទីតាំងពិតប្រាកដ ហើយមានអាគារសិក្សាត្រឹមត្រូវតាមនិយាមគរុកោសល្យ ។
សមាសភាពសមាគម៖
គឺឧត្ដមក្រុមប្រឹក្សាវរជន ដែលមានកំណើតនៅក្នុងស្រុកមង្គលបូរី រួមមាន៖
-ឯកឧត្ដម តាន់ គិមហួន
-ឯកឧត្ដម អ៊ូ គិមសាន
-ឯកឧត្ដម ជួន សៅឌី
-ឯកឧត្ដម ចាន់ ថា
-លោក ចាង លុក ជាប្រធានសមាគម
-លោក យ៉ុង ណា ជាអនុប្រធាន
-លោក យ៉ុង យ៉ាង ជាអនុប្រធាន
-លោក ចៅ យ៉ាវ ហៅ ថៅកែ យ៉ ជាហិរញ្ញឹក (ស្លាប់)
-លោក ឃួន ប៊ី ជាហិរញ្ញឹករង (រស់នៅសហរដ្ឋអាមេរិក)
-លោក ជីវ គិមសួរ ជាសមាជិកសកម្ម (រស់នៅសហរដ្ឋអាមេរិក)
-លោក សោ បានវន់ ជាសមាជិកសកម្ម (រស់នៅមង្គលបូរី)
-លោក គិម ឈួន (ស្លាប់)
ទីតាំងអនុវិទ្យាល័យព្រះបាទភវវរ្ម័ន ៖ ដូចបានរ៉ាយរ៉ាប់ខាងដើម មានប្រវែង ១៧០ ម៉ែត្រ ហើយមានបណ្ដោយ (ជម្រៅ) ប្រវែង ៤៥៣ ម៉ែត្រ។ គម្រោងសាងសង់អាគារ គឺមានរាងជាអក្សរ អ៊ុយ (U) ។
អាគារ A (នៅប៉ែកខាងជើងសាលា)  | ចាប់ផ្ដើមកសាងក្នុងឆ្នាំ១៩៦១ ហើយបានកសាងរួចរាល់នៅក្នុងឆ្នាំ១៩៦៣ ។ អាគារនេះធ្វើអំពីសំណង់បេតុង មាន ២ ជាន់ ១០ បន្ទប់ សង់បណ្ដោយថ្ងៃ ចំណាយថវិកាអស់ ២០ ០០០ ដុល្លារ ហើយសម្ពោធក្នុងខែមេសា ឆ្នាំ១៩៦៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះប្រមុខរដ្ឋ សម្ដេចព្រះនរោត្ដម សីហនុ ដែលមានព្រះរាជអំណោយឧបត្ថម្ភចំនួន ១ ៥០០ ០០០ រៀល។ |
អាគារ B (នៅប៉ែកខាងត្បូងសាលា)  | ដោយមានកំណើនសិស្សថែមទៀត បណ្ដាលឱ្យខ្វះបន្ទប់រៀន សមាគមក៏ចាប់ផ្ដើមសាងសង់អាគារថ្មីមួយខ្នងបន្ថែមទៀត ដើម្បីបំពេញសេចក្ដីត្រូវការ គឺអាគារ B ដែលបានកសាងក្នុងឆ្នាំ១៩៦៤ ហើយបានកសាងរួចរាល់នៅក្នុងឆ្នាំ១៩៦៥ ។ អាគារនេះធ្វើអំពីសំណង់បេតុង មាន ២ ជាន់ ១២ បន្ទប់ សង់បណ្ដោយថ្ងៃ ទល់មុខអាគារ A ចំណាយថវិកាអស់ ២៥ ០០០ ដុល្លារ ហើយសម្ពោធក្នុងឆ្នាំ១៩៦៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះប្រមុខរដ្ឋ សម្ដេចព្រះនរោត្ដម សីហនុ ដែលមានព្រះរាជអំណោយ ចំនួន ២ ០០០ ០០០ រៀល ក្នុងការឧបត្ថម្ភដល់សាលា ។ |
អាគារផ្សេងៗ៖  | សមាគម បានកសាងអាគារឈើមួយខ្នងបណ្ដោយថ្ងៃ ប្រ៉ក់ស័ង្កសីសម្រាប់ធ្វើជារោងជាង ស្ថិតនៅខាងកើតអាគារ B និង អាគារ ១០ ល្វែង មួយទៀត ប្រក់ក្បឿង តែសាងសង់មិនទាន់រួចរាល់នៅឡើយ ដែលបម្រុងប្រើប្រាស់ក្នុងឆ្នាំ១៩៧៥ និងរបងខាងមុខអនុវិទ្យាល័យ របងប៉ែកខាងជើង និង ខាងត្បូងខ្លះៗ ដែលកសាងឡើងដោយកម្លាំងសាមគ្គីរបស់ប្រជាជន។ |
អាគារ C ៖ ស្ថិតនៅក្នុងគម្រោងនៅឡើយ តែបានចាក់ដីរួចជាស្រេចហើយ ក្នុងគម្រោងនេះ គឺធ្វើទទឹងថ្ងៃ។ ក្នុងអំឡុងឆ្នាំ១៩៦៨ ដល់ឆ្នាំ១៩៦៩ អនុវិទ្យាល័យព្រះបាទភវវរ្ម័ន ត្រូវបានប្ដូរឈ្មោះជាវិទ្យាល័យ ព្រះបាទភវវរ្ម័ន វិញ ។ ដោយសារចំនួនសិស្សមានការកើនឡើងជាលំដាប់ ថ្នាក់រៀនមានចំនួន ១៦ បន្ទប់ សិស្សមានចំនួន ៦០០ នាក់ និង បុគ្គលិកមានចំនួន ៤០ នាក់ ។
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ សាលានេះត្រូវបានប្ដូរឈ្មោះពី វិទ្យាល័យព្រះបាទភវវរ្ម័ន មកជា វិទ្យាល័យមង្គលបូរី វិញ ។ តែកាលនោះ មិនទាន់មានថ្នាក់ទី ១ នៅឡើយទេ បើគិតមកជាសព្វថ្ងៃ គឺថ្នាក់ទី១២ ។ ពេលប្រឡងឌីប្លូម គឺធ្វើការប្រឡងនៅខេត្តបាត់ដំបង គឺវិទ្យាល័យព្រះមុនីវង្ស ។ ប្រព័ន្ធអប់រំក្នុងឆ្នាំ១៩៧០ ការសិក្សាចំណេះទូទៅ គឺមានរយៈពេល ១៣ ឆ្នាំ ទើបប្រឡងយកសញ្ញាប័ត្រមធ្យមសិក្សាកំរិត២ ដែលបច្ចុប្បន្ន គឺមធ្យមសិក្សាទុតិយភូមិ។ យើងឃើញវិទ្យាល័យមង្គលបូរី មានត្រឹមតែ ៣១ ថ្នាក់ប៉ុណ្ណោះ គឺ៖
- ថ្នាក់ទី៦ មាន ៨ ថ្នាក់
- ថ្នាក់ទី៥ មាន ៦ ថ្នាក់
- ថ្នាក់ទី៤ មាន ៥ ថ្នាក់
- ថ្នាក់ទី៣ មាន ៤ ថ្នាក់
- ថ្នាក់ទី២ មាន ៤ ថ្នាក់
- ថ្នាក់ទី១ មាន ៤ ថ្នាក់
២- លោក ប៊ុន គី (ឆ្នាំ១៩៧០-១៩៧២) សមាសភាពគណៈគ្រប់គ្រង មាន៖
- លោកនាយក ប៊ុន គី នាយកសាលា
- លោក ប៊ូ តៃគុយ សិក្សាភិរក្ស (ក្រោយមកបានផ្លាស់ទៅបាត់ដំបង សាលាក៏តែងតាំង លោក សុច ញ៉ាយ ជំនួសវិញ)។
- លោក ឡុង ឈឿត អគ្គានុរក្ស៣- លោកនាយក ម៉ៅ អួប (ឆ្នាំ១៩៧២-១៩៧៤) | សមាសភាពគណៈគ្រប់គ្រង មាន៖ - លោក ម៉ៅ អួប នាយកសាលា - លោក ឡុង ឈឿត អគ្គានុរក្ស (រូបភាពនេះ ត្រូវបានផ្ដល់ដោយលោក CHIN CHAMROEUNRITH ដែលត្រូវជាចៅរបស់លោកគ្រូ ម៉ៅ អួប ។) |
៤- លោកនាយក ឈឹម ឆូត (ឆ្នាំ១៩៧៤ ទល់សម័យប្រល័យពូជសាសន៍ប៉ុល ពត) | ពីឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៥ វិទ្យាល័យមង្គលបូរី មាន ៣២ បន្ទប់ មានសិស្ស ចំនួន ១៣០០នាក់ និង មានបុគ្គលិកសិក្សាចំនួន ៧៥ នាក់ ៖ - លោក ឈឹម ឆូត នាយកសាលា - លោក ឡុង ឈឿត អគ្គានុរក្ស - លោក ពត ឈឿម អគ្គានុរក្ស ស្ថានភាពទូទៅ៖ ជាទូទៅគ្រឹះស្ថានសិក្សានេះ មានថ្នាក់រៀនល្អត្រឹមត្រូវ សម្ភារៈសិក្សាគ្រប់គ្រាន់ បុគ្គលិកសិក្សាបំពេញការងារបានល្អហ្មត់ចត់ ហើយ សិស្សខិតខំរៀនសូត្រ គោរពវិន័យ ហើយរៀងរាល់ឆ្នាំ លទ្ធផលនៃការសិក្សា និង ការប្រឡងរបស់សិស្ស តែងជាប់ចំណាត់ថ្នាក់ល្អ ថែមទាំងបានទទួល លិខិតសរសើរពីក្រសួងអប់រំជាតិទៀតផង ជាពិសេសក្នុងឆ្នាំ១៩៦៨ លទ្ធផលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិបានជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស។ |
កាលមុនសម័យប្រល័យពូជសាសន៍ប៉ុលពត សាលារៀននេះទទួលសិស្សមកពី ៥ ស្រុកខាងជើង ដែលបានប្រឡងជាប់ជ្រើសរើសចូលរៀនថ្នាក់ទី៨ គឺស្រុកមង្គលបូរី ស្រុកសិរីសោភ័ណ ស្រុកថ្មពួក ស្រុក ព្រះនេត្រព្រះ និង ស្រុកភ្នំស្រុក ។ ការសិក្សាសិស្សនៅក្នុងសម័យនោះ សិស្សប្រុស មានចំនួនច្រើនជាង សិស្សស្រី ហើយសិស្សប្រុសដែលមកបន្តការសិក្សានៅសាលានេះ គឺមកពីតាមបណ្ដាភូមិ-ឃុំនានា មករស់នៅតស៊ូរៀន ដោយស្នាក់នៅតាមវត្តអារាម ។ ចំណែកសិស្សស្រី ដោយមានលំនៅដ្ឋានឆ្ងាយពីសាលាពេក មិនអាចមកបន្តការសិក្សានៅទីនេះបានទេ ព្រោះបញ្ហាសន្តិសុខ កន្លែងរស់នៅ ទំនៀមទំលាប់ប្រពៃណី ។ ក្នុងសម័យនោះ គ្រូបឋមសិក្សា ត្រូវបានរើសចេញពីសិស្ស ដែលប្រឡងសញ្ញាប័ត្រឌីប្លូម ហើយទៅរៀននៅសាលាគរុកោសល្យរយៈពេល ១ ឆ្នាំ ទើបអាចក្លាយជាគ្រូបង្រៀន នៅតាមសាលាបឋមសិក្សាបាន ។
ជាអកុសល ចាប់តាំងពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ វិទ្យាល័យមង្គលបូរី ត្រូវបានបិទទ្វារដូចសាលានានាទូទាំងប្រទេសដែរ ។ សម័យប៉ុលពត សាលារៀននេះ ត្រូវបានប្រែក្លាយទៅជាសហគ្រាសក្រឡឹងមួយ ដោយពួកវាបានសាងសង់ឃ្លាំងធំៗចំនួន ២ នៅចន្លោះ អាគារ A និងអាគារ B ។
៥- លោកនាយក ឌួង លី (ពីឆ្នាំ១៩៧៩-១៩៨៥) | ក្រោយឆ្នាំ១៩៧៩ បន្ទាប់ពីសម័យកម្ពុជាប្រជាធិបតេយ្យកន្លងផុតទៅ វិទ្យាល័យមង្គលបូរី ត្រូវបានក្រសួងអប់រំអនុញ្ញាតបើកឱ្យប្រើប្រាស់ជាផ្លូវការឡើងវិញ ដោយដាក់ឈ្មោះជាផ្លូវការថា៖ សាលាកំរិតសិក្សាទី ២ ស្រុកមង្គលបូរី ដែលដឹកនាំដោយលោក ឌួង លី ។ ក្នុងសម័យនោះ សាលារៀននេះ មានបុគ្គលិកសិក្សា និង ទទួលសិស្សចូលរៀន សិស្សផ្ទេរចូល មានចំនួនដូចខាងក្រោមនេះ ៖ - គ្រូបង្រៀន មានចំនួន ១២ នាក់ ក្នុងនោះស្រី ចំនួន ២ នាក់ - ថ្នាក់រៀន មានចំនួនតែ ២ ថ្នាក់គត់ គឺថ្នាក់ទី៨ ក និង ៨ ខ - សិស្សសរុប មានចំនួន ៩៥ នាក់ ស្រី ១៩ នាក់ - សិស្សបោះបង់ មានចំនួន ១០ ភាគរយ ។
|
រូបថតអនុស្សាវរីយ៍របស់សិស្ស និង គ្រូ ក្នុងឆ្នាំ១៩៨៥
រូបថតអនុស្សាវរីយ៍របស់សិស្ស និង គ្រូ ក្នុងឆ្នាំ១៩៨៦
៦- លោកនាយក យ៉ា ថន (ពីឆ្នាំ១៩៨៥-១៩៩០) | ដល់ឆ្នាំ១៩៨៥ លោកនាយក ឌួង លី បានសុំលាលែងពីតំណែងនាយកសាលា ទៅជាគ្រូបង្រៀនធម្មតាវិញ ហើយបានប្រគល់តួនាទីជានាយកសាលានេះ ជូនទៅលោក យ៉ា ថន ធ្វើជានាយកសាលាកំរិតសិក្សាទី ២ គ្រប់គ្រងបន្ត រហូតដល់ឆ្នាំ១៩៩០ ។ កាលនោះ សិស្សដែលប្រឡងជាប់សញ្ញាប័ត្រកំរិតសិក្សាទី ២ ត្រូវទៅបន្តការសិក្សានៅឯខេត្តបាត់ដំបង ដែលមានចម្ងាយ ៦០ គីឡូម៉ែត្រ ពីស្រុកមង្គលបូរី ។ ដោយមើលឃើញការលំបាកបែបនេះ ក្រសួងអប់រំ ក៏បង្កើតសាលាកំរិតសិក្សាទី ៣ ដែលមានទីតាំង នៅជាមួយសាលាកំរិតសិក្សាទី ២ ស្រុកមង្គលបូរី នេះដែរ ហើយទទួលសិស្សមកពី ៥ ស្រុកខាងជើង មាន ៖ ស្រុកសិរីសោភ័ណ ស្រុកព្រះនេត្រព្រះ ស្រុកភ្នំស្រុក និង ស្រុកថ្មពួក (កាលនោះពុំទាន់មានសិស្សមកពីស្រុកអូរជ្រៅ ស្រុកម៉ាឡៃ និង ស្រុកបន្ទាយអំពិលទេ) ។
|
រូបថតអនុស្សាវរីយ៍របស់សិស្ស និង គ្រូ ក្នុងឆ្នាំ១៩៩០
៧- អ្នកស្រីនាយិកា ឡាយ ហ៊ុនគី (អ្នកស្រី ត្រឹង ងា) (ឆ្នាំ១៩៩០-១៩៩៤) | ដោយឡែក អ្នកស្រី ឡាយ ហ៊ុនគី (អ្នកស្រី ត្រឹង ងា) ជាដំបូងអ្នកស្រីគ្រាន់តែជាសាស្ត្រាចារ្យម្នាក់ ដែលបង្រៀនធម្មតាក្នុងសាលានេះ ហើយត្រូវបានតែងតាំងជានាយិកាសាលាកំរិតសិក្សាទី ៣ ស្រុកមង្គលបូរី ដែលមានទីតាំងបណ្ដោះអាសន្ន នៅជាមួយសាលាកំរិតសិក្សាទី២ ស្រុកមង្គលបូរីនេះដែរ (បច្ចុប្បន្នជាវិទ្យាល័យមង្គលបូរី) តាមសេចក្ដីសម្រេចលេខ ១៦២ អរ,ចទម ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៨៥ របស់ទីស្ដីការរដ្ឋមន្រ្តីក្រសួងអប់រំ ស្ដីពីការអនុញ្ញាតឱ្យបើកសាលាកំរិតសិក្សាទី៣ ស្រុកមង្គលបូរី ដែលបង្កើតឡើងក្នុងឆ្នាំសិក្សា១៩៨៥-១៩៨៦ ។
|
ឆ្នាំ១៩៩០-១៩៩៤ អ្នកស្រីនាយិកា ឡាយ ហ៊ុនគី គ្រប់គ្រងរួមសាលាកំរិតសិក្សាទី២ និង ទី៣ ហើយបន្ទាប់មក គ្រឹះស្ថានសិក្សានេះ ត្រូវបានប្ដូរឈ្មោះមកជា វិទ្យាល័យមង្គលបូរី ដែលមានរចនាសម្ព័ន្ធគ្រប់គ្រង ដូចខាងក្រោមនេះ ៖ក- ផ្នែកគណៈគ្រប់គ្រង ១- អ្នកស្រី ឡាយ ហ៊ុនគី ជានាយិកាវិទ្យាល័យ
២- លោក ស៊ូ មង្គល ជានាយករង (ទទួលបន្ទុកមធ្យមសិក្សាទុតិយភូមិ)
៣- លោក យ៉ា ថន ជានាយករង (ទទួលបន្ទុកមធ្យមសិក្សាបឋមភូមិ)
4- លោក ណាក ប៊ុនហួង ជានាយករង
៥- អ្នកស្រី គួច យក់ឃួន ជានាយិការង
៦- អ្នកស្រី អុង យក់ជី ជាហិរញ្ញិក
អ្នកស្រី ឡាយ ហ៊ុនគី | 
លោក ស៊ូ មង្គល | 
លោក យ៉ា ថន |
 លោក ណាក ប៊ុនហួង |  អ្នកស្រី គួច យក់ឃួន |  អ្នកស្រី អុង យក់ជី |
ខ- ផ្នែកបុគ្គលិកការិយាល័យ និង បុគ្គលិកបង្រៀន - បុគ្គលិកការិយាល័យ សរុប ១៧ នាក់ ក្នុងនោះស្រី ៨ នាក់
- បុគ្គលិកបង្រៀន សរុប ១១៨ នាក់ ក្នុងនោះស្រី ៧៦ នាក់គ- ស្ថិតិសិស្សថ្នាក់ទី៦-៧-៨ និង ទី៩-១០-១១ - មាន ៥៧ ថ្នាក់ សិស្សសរុប៖ ៣ ០១៥ នាក់ ស្រី ១ ១៣៥ នាក់
- ស្ថិតិសិស្សប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាកំរិត១ ដាក់ពាក្យប្រឡង ៤៣២ នាក់
ស្រី ១៧៥នាក់ ប្រឡងជាប់ ៤៦ នាក់ ស្រី ២១ នាក់ ត្រូវជា ១០,៨៤ ភាគរយ ។
- ស្ថិតិសិស្សប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាកំរិត២ ដាក់ពាក្យប្រឡង ២៤១ នាក់
ស្រី ៦២ នាក់ ប្រឡងជាប់ ២ នាក់ ស្រី ០ នាក់ ត្រូវជា ០,៨២ ភាគរយ ។៨- លោកនាយក ស៊ូ មង្គល (ឆ្នាំ១៩៩៤-១៩៩៩) | ក្រោយពីការចូលនិវត្តរបស់អ្នកស្រី ឡាយ ហ៊ុនគី មក លោក ស៊ូ មង្គល ដែលជានាយករង ក៏ត្រូវបានតែងតាំងជានាយកវិទ្យាល័យមង្គលបូរី ជាបន្ត ។ ស្ថិតិសិស្ស ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ - ថ្នាក់មានចំនួន ៥៨ ថ្នាក់ - សិស្សសរុបចំនួន ២ ៨៥០នាក់ ស្រីចំនួន ១ ១០០ នាក់ ។ ក្នុងចន្លោះចន្លោះឆ្នាំនៃការគ្រប់គ្រងរបស់លោក ស៊ូ មង្គល បានកសាងរបងប៉ែកខាងជើង និង ខាងត្បូងសាលាបានជាច្រើន ។
|
៩- លោកនាយក ពៅ ភ័សានី (ពីឆ្នាំ២០០០ រហូតមកទល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១២) | ចាប់តាំងពីឆ្នាំ២០០០ ក្រោយពីការផ្លាស់ប្ដូរ ដោយលោក ស៊ូ មង្គល ត្រូវទៅទទួលមុខតំណែងជាប្រធានការិយាល័យមធ្យម និង មត្តេយ្យសិក្សា នៅឯខេត្តបន្ទាយមានជ័យមក លោក ពៅ ភ័សានី ត្រូវបានតែងតាំងជានាយក វិទ្យាល័យមង្គលបូរី ជាបន្តរហូតមកទល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១២ ។ |
រចនាសម្ព័ន្ធគ្រប់គ្រង មានដូចតទៅ ៖
១- លោក ពៅ ភ័សានី ជានាយក
២- លោក ងួន ចាន់ណា នាយករង (ទទួលបន្ទុកផ្នែកមធ្យមសិក្សាទុតិយភូមិ) ក្រោយមកត្រូវជំនួសដោយ លោក ស៊ី ទី ដែលបានទទួលមុខតំណែងដោយការបោះឆ្នោតរបស់បុគ្គលិកទាំងអស់ ។
៣- លោក ណាក ប៊ុនហួង នាយករង និងជាអគ្គានុរក្ស
៤- លោក ថាច មន្ថា នាយករង (ទទួលបន្ទុកផ្នែកមធ្យមសិក្សាបឋមភូមិ)
ផ្នែកការកសាង
ជួសជុលខ្លោងទ្វារចាស់ឡើងវិញ | - នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០០៤ ដោយមាន ជំនួយឧបត្ថម្ភពីសប្បុរសជនខ្មែរ នៅសហរដ្ឋអាមេរិក គឺលោក ឡយ ប៊ុនឡាក់ និង អ្នកស្រី អ៊ុក ហ្សូលី លោកបានផ្ដល់ថវិកាដើម្បីជួសជុលខ្លោងទ្វារចាស់ របស់វិទ្យាល័យមង្គលបូរី ជាថ្មីឡើងវិញ ។ ក្រោយពីមានការជួសជុលខ្លោងទ្វារនេះរួចមក វិទ្យាល័យមង្គលបូរី ក៏បានបើកទំព័រសករាជ្យថ្មី ដោយបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អតីតសិស្សជាច្រើន សប្បុរសជននានា ទាំងក្នុង និង ក្រៅប្រទេស ក៏ដូចជាអ្នកសារព័ត៌មានផងដែរ ។ |
ដងទង់ជាតិថ្មី
 | នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០០៦ មានបើកពិធី សម្ពោធដាក់ឱ្យប្រើប្រាស់នូវដងទង់ជាតិមួយ ដែលជាអំណោយរបស់លោក តែ ធាវគឹមយ៉េន (អតីតនាយកវិទ្យាល័យមង្គលបូរី) ដែលក្នុងពិធីនោះ មានការឡើង មានមានមតិស្វាគមន៍របស់លោក អ៊ី ឡុង អភិបាលស្រុកមង្គលបូរី មតិសំណេះសំណាលរបស់លោក តែ ធាវគឹមយ៉េន ពិធីកាត់ខ្សែបូរ និង ពិធីជួបជុំមិត្តភក្ពិ ចាស់ៗរបស់លោកផងដែរ ។ |
 | នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០០៦ ក៏មានវត្តមានរបស់លោក គី គានហួត ហៅ ម៉ៅ បានបង្ហាញមុខនៅក្នុងវិទ្យាល័យមង្គលបូរី ដែលកាលនោះ លោកបានមានប្រសាសន៍ថា៖ លោកមានចិត្តចង់ជួយកសាង និង អភិវឌ្ឍន៍សាលាដែលមានសភាពចាស់ទ្រុឌទ្រោមនេះឡើងវិញ ហើយលោកប្ដេជ្ញាថា នឹងខិតខំអំពាវនាវរកសប្បុរសជន ដើម្បីមកជួយកសាងសាលានេះ ។ |
មិនយូរប៉ុន្មាន ក៏មានអ្នកកាសែតជាតិជាច្រីន បានមកចូលថតបទយកការណ៍អំពីសាលានេះ អំពីថាតើហេតុអ្វី ទើបគ្មានសប្បុរសជន ឬ អង្គការណា ជួយឧបត្ថម្ភនូវកង្វះខាតអាគារសិក្សាដល់វិទ្យាល័យមង្គលបូរីនេះសោះ ។
ជាកុសលល្អក្រោយពីបញ្ចប់កម្មវិធីសម្ពោធវិហារអ៊ីស្លាមមួយនៅម្ដុំក្រោយរោងកុនមង្គលបូរី ឯកឧត្ដម នាយឧត្តមសេនីយ៍ផ្កាយមាសបួន កែ គឹមយ៉ាន ដែលលោកធ្លាប់ជាអតីតសិស្សនៃវិទ្យាល័យមង្គលបូរី លោកក៏បានឈៀងចូលមកមើលសាលាចាស់ ដែលលោកធ្លាប់បានសិក្សារៀនសូត្រ និងមានអនុស្សាវរីយ៍ជាច្រើនដែលបានកើតឡើងនៅទីនេះ កាលពីលោកនៅក្នុងវ័យសិក្សា ហើយលោកក៏បានសំណេះសំណាលជាមួយបុគ្គលិកសិក្សាជាច្រើន ដែលនៅរង់ចាំ ដោយឈរជារបង ដើម្បីទទួលដំណើរអញ្ជើញដល់របស់លោកមកកាន់វិទ្យាល័យមង្គលបូរីនេះ ជាលើកដំបូង ។

ការរុះរើឃ្លាំងធំទាំងពីរ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០០៦ ក៏មានគណៈកម្មការចំរុះ ដែលចុះមកពីក្រសួងអប់រំយុវជន និងកីឡា និង មានលោក ប្លែង សារ៉ុត ប្រធានមន្ទីរអប់រំ យុវជន និង កីឡាខេត្តបន្ទាយមានជ័យ លោក អ៊ី ឡុង អភិបាលស្រុកមង្គលបូរី បានមានវត្តមាននៅក្នុងវិទ្យាល័យមង្គលបូរី ដើម្បីធ្វើការវាយតម្លៃឃ្លាំងធំទាំងពីរ ដែលស្ថិតនៅចន្លោះអាគារ A និង អាគារ B ដែលបានសាងសង់ឡើងក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។
ក្រោយមក ឃ្លាំងធំទាំងពីរ ក៏ត្រូវបានរុះរើនៅក្នុងកំឡុងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៦ នោះ ផងដែរ ។

ការសាងសង់អាគារថ្ម ៣ ជាន់ ២៤ បន្ទប់ | ឯកឧត្ដម នាយឧត្ដមសេនីយ៌ផ្កាយមាសបួន កែ គឹមយ៉ាន និង លោកជំទាវ ម៉ៅ ម៉ាល័យ រួមជាមួយអតីតសិស្ស សប្បុរសជនក្នុង និងក្រៅប្រទេស បានកសាងអាគារសិក្សាថ្មីមួយខ្នង ៣ ជាន់ មាន ២៤ បន្ទប់ និង ខ្លោងទ្វារថ្មីមួយ ដ៏ស្រស់ស្អាត ទុកជាចំណងដៃ ដល់អ្នកស្រុកមង្គលបូរី ។ |
 | អាគារថ្មីនេះ បានធ្វើពិធីសម្ពាធបើកឳយប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០០៧ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមឧបនាយករដ្ឋមន្រី្ត ស ខេង ។ |
ការជួសជុលកែលម្អអាគារចាស់ៗទាំងពីរជាថ្មីឡើងវិញ ចំណែកអាគារចាស់ៗទាំងពីរ (អាគារ A និង អាគារ B) ក៏ត្រូវបានជួសជុលកែលម្អឡើងវិញ យ៉ាងស្រស់ប្រិមប្រិយ ដោយឯកឧត្ដម គោស៊ុំ សារឿត និង លោកជំទាវ ខាំ ផល្លី (អតីតសិស្ស) ផងដែរ ។
ចាប់ពីត្រឹម ពេលនោះមក គំនិតគិតចង់ជួយសាលាដែលធ្លាប់បានផ្ដល់ចំណេះដឹងនេះ ក៏បានដុះដាលក្នុងសន្តានចិត្តរបស់អតីតសិស្សគ្រប់ៗរូប ។
ការសាងសង់អាគារថ្ម ២ ជាន់ ១០ បន្ទប់សមិទ្ធិផលនានាក៏បានរីកដុះដាល កកើតឡើងជាបន្តបន្ទាប់ នៅក្នុងវិទ្យាល័យមង្គលបូរី មានដូចជា ៖ | អាគារ ២ ជាន់ មាន ១០ បន្ទប់ ដែលកសាងដោយឯកឧត្ដម គោស៊ុំ សារឿត និង លោកជំទាវ ខាំ ផល្លី រួមជាមួយអតីតសិស្សក្នុង និង ក្រៅប្រទេស ត្រូវបានបញ្ចុះបឋមសីលា នាថ្ងៃទី០៨ ខែមករា ឆ្នាំ២០០៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស ខេង ។ ក្រោយពេលសាងសង់រួច ដោយមានការខ្វះខាតអាគារទីចាត់ការ សាលប្រជុំ និង បណ្ណាល័យផងនោះ អាគារថ្មីនេះ បន្ទប់ជាន់ក្រោមទាំង ៥ ត្រូវបានយកមកធ្វើជាទីចាត់ការ សាលប្រជុំ និង បណ្ណាល័យ ជាបណ្ដោះអាសន្នសិន។ |
មានសមិទ្ធិផលនានាជាច្រើនទៀត ដូចជា៖ តារាងបាល់ទះ ២ កន្លែង ដែលជាអំណោយរបស់លោក គី គានហួត បន្គន់អនាម័យ ២ បន្ទប់ អំណោយរបស់លោក មួង ដារា និង អ្នកស្រី ពុធ សុភាវី (អតីតសិស្ស) ។
ក្រៅពីនោះទៀត មានរបងព័ទ្ធជុំវិញសាលា កៅអីថ្ម តារាងបាល់ទាត់ រូបសំណាកកុក ស របស់លោក អ៊ា ស៊ីណាត ការសាងសង់រូបសំណាកព្រះបាទជ័យវរ្ម័នទី៧និង ជាពិសេស គឺរូបសំណាកព្រះបាទជ័យវរ្ម័នទី៧ ដែលកសាងដោយឯកឧត្ដម ប៉ុក សាលុយ និង លោកជំទាវ ឡុង សុផា ដែលបានរៀបចំពិធីអភិសេក យ៉ាងអធិកអធម នាថ្ងៃទី៣០-៣១ ខែមករា ឆ្នាំ២០០៨ ។ 
រូបថតអនុស្សាវរីយ៍ ជាមួយឯកឧត្ដម ប៉ុក សាលុយ |  រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ |
ការសាងសង់អាគារទីចាត់ការថ្មី | បន្តក្រោយមកទៀត ក៏មានការឧបត្ថម្ភអាគារទីចាត់ការថ្មីមួយខ្នង មាន ៥ បន្ទប់ ដែលស្ថិតនៅប៉ែកខាងជើងសាលា គឺជាប់ខាងកើតអាគារ A . អាគារថ្មីនេះ ជាអំណោយរបស់ឯកឧត្ដម សុខ ផេង (ទីប្រឹក្សាផ្ទាល់របស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន) និង លោកជំទាវ ចៅ ស៊ូអ៊ីង (អតីតសិស្សវិទ្យាល័យមង្គលបូរី) ហើយអាគារទីចាត់ការថ្មីនេះ មានបំពាក់គ្រឿងសង្ហារឹមផ្សេងៗ មានដូចជា ៖ ប្រព័ន្ធអគ្គិសនី កង្ហារ ម៉ាស៊ីនកុំព្យូទ័រ ២ គ្រឿង ម៉ាស៊ីនព្រីនធ័រ |
បន្ទប់អនាម័យ ២ បន្ទប់ ដែលចំណាយថវិកាអស់ចំនួន ៦២ ៤៦៦,៣៣ ដុល្លារ ហើយបានរៀបចំពិធីសម្ពាធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០០៩ ក្នុងឆ្នាំសិក្សា២០០៩-២០១០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម វង សូត ។ ឯកឧត្ដម វង សូត ក៏បានផ្ដល់ថវិកា ចំនួន ១០ ០០០ ០០០ រៀល ដល់សាលាផងដែរ ដើម្បីទុកជាទុនចូលរួមក្នុងការចូលរួមកសាងអាគារសាលប្រជុំថ្មីមួយ នាពេលអនាគត ។

ឯកឧត្ដម សុខ ផេង និង លោកជំទាវ ចៅ ស៊ូអ៊ីញ កាត់ខ្សែបូសម្ពោធអគារទីចាត់ការថ្មី |  ឯកឧត្ដម វង សូត កាត់ខ្សែបូសម្ពោធអគារទីចាត់ការថ្មី |
ការសាងសង់សាលប្រជុំថ្មីនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១០ សំណង់សាលប្រជុំដ៏ទំនើបមួយ ត្រូវបានបុកគ្រឹះសាងសង់ហើយ ដែលអាគារថ្មីនេះ ជាអំណោយរបស់លោក នូ ស៊ីថា (អតីតសិស្ស) និង លោកស្រី សុខ សោភា ព្រមទាំងបុត្រ ដែលសាលប្រជុំនេះ ជាសាលប្រជុំកម្រិតស្តង់ដារ បំពាក់ទៅដោយម៉ាស៊ីនត្រជាក់ មានកៅអីសាឡុងធ្វើអំពីឈើបេង សម្រាប់គណៈអធិបតី ចំនួន ២ គ្រឿង តុឈើ ១ គ្រឿង កៅអីសម្រាប់ភ្ញៀវកិត្តិយស ចំនួន ១២ គ្រឿង កៅអីឈើមានភ្នាក់ដៃសរសេរសម្រាប់សមាជិកអង្គប្រជុំ ចំនួន ៨០ គ្រឿង ម៉ាស៊ីនបញ្ចាំងស្លាយ ម៉ាស៊ីនចាក់ឌីស ម៉ាស៊ីនមិចស័រ អំព្លី មេក្រូគ្មានខ្សែ អំពូលភ្លើង កង្ហា គ្រឿងបំពងសម្លេងយ៉ាងល្អប្រណីត ។ តែដោយសាលាជួបនូវកង្វះខាតបន្ទប់រៀន និង បន្ទប់បណ្ណាល័យ លោក នូ ស៊ីថា ក៏បានសាងសង់អាគារសិក្សាមួយខ្នងទៀត ៥ បន្ទប់ ដែល ២ បន្ទប់ ធ្វើជាបណ្ណាល័យ និង ៣ បន្ទប់ទៀត សម្រាប់ជាថ្នាក់រៀន ហើយលោក នូ ស៊ីថា បានបញ្ជាក់ប្រាប់យ៉ាងច្បាស់ថា អគារនេះ បុកគ្រឹះសម្រាប់ ២ ជាន់ ប្រសិនបើថ្ងៃក្រោយ មានការខ្វះខាតបន្ទប់រៀនទៀត យើងអាចឡើងមួយជាន់ទៅលើទៀតបាន ដោយមិនបារម្ភពីរឿងគ្រឹះក្រោមឡើយ។ បន្ទាប់មក លោក នូ ស៊ីថា ក៏បានកសាងរូបសំណាកសម្ដេចព្រះសង្ឃរាជ ជួន ណាត តម្កល់ទុកក្នុងសាលាផងដែរ ដែលរូបសំណាកនេះ ឆ្លាក់ឡើងពីថ្មភ្នំសុទ្ធសាធ ឆ្លាក់ដោយជាងចម្លាក់នៅភ្នំជញ្ជាំង ស្រុកព្រះនេត្រព្រះ ។ ទាំងនេះជាចំណងដៃថ្មី និង មិនអាចកាត់ថ្លៃបាន ដល់វិទ្យាល័យមង្គលបូរី ដែលសមិទ្ធិផលទាំងនេះ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាពេលដ៏ខ្លីខាងមុខនេះ ។

រូបថតអនុស្សាវរីយ៍ជាមួយលោក នូ ស៊ីថា
អគារសាលប្រជុំថ្មី មើលពីដងទង់ជាតិទៅទិសឥសាន្ត
អគារសាលប្រជុំថ្មី អំណោយលោក នូ ស៊ីថា និង លោកស្រី សុខ សុភា មើលចំពីមុខ នៅទិសខាងជើង
រូបសំណាកសម្ដេចេព្រះសង្ឃរាជ ជួន ណាត មើលពីផ្ឡូវចូល មុខអគារ កែ គឹមយ៉ាន ទៅទិសខាងជើង (អំណោយលោក នូ ស៊ីថា និង លោកស្រី សុខ សុភា ព្រមទាំងបុត្រ
អគារសិក្សា ១ ខ្នង ៥ បន្ទប់ អំណោយលោក នូ ស៊ីថា មើលពីផ្ឡូវចូល មុខអគារ កែ គឹមយ៉ាន ទៅទិសខាងជើង
អគារសិក្សា ១ ខ្នង ៥ បន្ទប់ អំណោយលោក នូ ស៊ីថា និង លោកស្រី សុខ សុភា មើលពីផ្លូវខាងមុខសាលប្រជុំថ្មី ទៅទិសឥសាន្ត
ការកសាងរូបសំណាកលោកតា ភារម្យអ៊ូ ហៅ ក្រមង៉ុយ 
រូបសំណាកអ្នកព្រះភិរម្យ ភាសាអ៊ូ ហៅ ក្រមង៉ុយ ចុចទីនេះ ដើម្បីមើលសកម្មភាពនាថ្ងៃតម្កល់រូបសំណាក
| នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១០ រូបសំណាកដែលឆ្លាក់អំពីថ្មភ្នំពិតៗ ដូចជារូបសំណាកសម្ដេចព្រះសង្ឃរាជ ជួន ណាត ដែរ ជាងដែដល ត្រូវបានដឹកយកមកតម្កល់នៅក្នុងវិទ្យាល័យមង្គលបូរី (កាលពីពេលដឹកមកនោះ មានចំនួន ២ រូប ចំណែកមួយរូបទៀត ដឹកទៅតម្កល់នៅវិទ្យាល័យភ្នំធំ) ។ រូបសំណាកនេះ គឺរូបសំណាករបស់លោកតា ព្រះភិរម្យ អ៊ូ ហៅ ក្រមង៉ុយ ដែលបានចូលរួមកសាងដោយ អតីតសិស្ស សប្បុរសជន និង រួមជាមួយបុគ្គលិកមួយចំនួននៃវិទ្យាល័យមង្គលបូរី ។ |
១០- លោកនាយកស្ដីទី ជា សឿន (ពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១២ រហូតមកទល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២) | ដោយសារការចាយវាយថវិកាសាលាខុសគោលដៅ និង ភាពអវត្តមាន មិនព្រមបង្ហាញមុខរបស់លោក ពៅ ភ័សានី នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១២ លោក ស្ដើង តុងហឹង អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ រួមជាមួយមន្ត្រីមន្ទីរអប់រំមួយចំនួនទៀត បានមកបើកពិធីប្រកាសដកហូតមុខតំណែងជានាយកវិទ្យាល័យមង្គលបូរី ពីលោក ពៅ ភ័សានី ដោយតែងតាំងលោក ជា សឿន ជានាយកស្ដីទីជំនួសវិញ ជាបណ្ដោះអាសន្ន ទំរាំអាចរើសនាយកថ្មី មកជំនួសបាន ។ |
១១- លោកនាយកទទួលបន្ទុករួម ណាក ប៊ុនហួង (ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១២ រហូតមកទល់បច្ចុប្បន្ន) | យោងតាមស្មារតីនៃការបោះឆ្នោតរបស់បុគ្គលិកសិក្សាទាំងអស់ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១២ ។ ដែលមានការចូលរួមពីបុគ្គលិកទាំងអស់សរុប ចំនួនជាង ៧០ រូប និង អវត្តមានជាង ៥០ រូប ហើយបេក្ខជនដែលឈរឈ្មោះ គឺសុទ្ធតែមានក្របខ័ណ្ឌ ក មានចំនួន ១៣ រូប ៖ ១- លោក ខូយ វ៉ាន់ណៃ ២- លោក មាន វាសនា ៣- លោក ញឹក ម៉ៅ ៤- លោក ប៊ុន ធារិទ្ធ ៥- លោក ផឹង ឡុងខេង
|
៦- អ្នកស្រី ក្រិច ហ៊ាង
៧- អ្នកស្រី លឿង ហូវ
៨- លោក ហាស់ ឆុនរិទ្ធី
៩- លោក ដូង ស៊ីដេត
១០- លោក ផោក ជាតិ
១១- អ្នកស្រី លឹម រតនា
១២- លោក ឈឿង កែល
១៣- លោក ឡាយ សេងថៃ
ឯលទ្ធផលនៃការបោះឆ្នោត មាន ៖
១- អ្នកស្រី ក្រិច ហ៊ាង ទទួលបានសម្លេងគាំទ្រ ២២ សម្លេង ត្រូវស្ថិតនៅលំដាប់ទី១
២- លោក ឈឿង កែល ទទួលបានសម្លេងគាំទ្រ ១៨ សម្លេង ត្រូវស្ថិតនៅលំដាប់ទី ២
៣- លោក ខូយ វ៉ាន់ណៃ ទទួលបានសម្លេងគាំទ្រ ១៧ សម្លេង ត្រូវស្ថិតនៅលំដាប់ទី៣
៤- អ្នកស្រី លឿង ហូវ ទទួលបានសម្លេងគាំទ្រ ៧ សម្លេង ត្រូវស្ថិតនៅលំដាប់ទី៤
៥- លោក មាន វាសនា ទទួលបានសម្លេងគាំទ្រ ៤ សម្លេង ត្រូវស្ថិតនៅលំដាប់ទី៥
៦- លោក ផោក ជាតិ ទទួលបានសម្លេងគាំទ្រ ២ សម្លេង ត្រូវស្ថិតនៅលំដាប់ទី ៦
៧- លោក ដូង ស៊ីដេត ទទួលបានសម្លេងគាំទ្រ ១ សម្លេង ត្រូវស្ថិតនៅលំដាប់ទី ៧
៨- លោក ប៊ុន ធារិទ្ធ ទទួលបានសម្លេងគាំទ្រ ១ សម្លេង ត្រូវស្ថិតនៅលំដាប់ទី ៧
ក្រៅពីនេះ គ្មានសម្លេងគាំទ្រទេ ។
លុះដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១២ មានសេចក្ដីសម្រេចតែងតាំងចេញដោយលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ តែងតាំងលោក ណាកប៊ុនហួង ជានាយករង ទទួលបន្ទុកក្ដាប់រួម លោក ឈឿង កែល ជានាយករង អ្នកស្រី ក្រិច ហ៊ាង ជានាយិការងនៃវិទ្យាល័យមង្គលបូរី ។រចនាសម្ព័ន្ធគ្រប់គ្រងថ្មីនេះ មានដូចតទៅ ៖
១- លោក ណាក ប៊ុនហួង ជានាយក
២- លោក ស៊ីទី នាយករង (ទទួលបន្ទុកបុគ្គលិកផ្នែកមធ្យមសិក្សាទុតិយភូមិ)
៣- លោក ថាច មន្ថា នាយករង (ទទួលបន្ទុកបុគ្គលិកផ្នែកមធ្យមសិក្សាបឋមភូមិ)
៤- លោក ឈឿង កែល នាយករង (ទទួលបន្ទុកសិស្សផ្នែកមធ្យមសិក្សាទុតិយភូមិ)
៥- អ្នកស្រី ក្រិច ហ៊ាង នាយករង (ទទួលបន្ទុកសិស្សផ្នែកមធ្យមសិក្សាបឋមភូមិ)
រៀបរៀងដោយ ៖
 លោក ឡយ ជីវ័ន (Mr. Lay Chivoan) |
 អ្នកស្រី យ៉ា វ៉ារី (Mrs. Ya Vary)[/color] |